១.សាវតាខេត្តបាត់ដំបង

បើ​​តាម​​សិលា​​ចារឹក​​ថ្ម​ប្រាសាទ​​ដែល​​យើង​​មាន និង​​បាន​​រក​​ឃើញ​​រហូត​​សព្វ​ថ្ងៃ​​នៅ​​មុន​​សម័យ និង​​សម័យ​​អង្គរ​​គេ​ពុំ​​បាន​​​ឃើញ​​ចែង​​ឱ្យ​យើង​​ដឹង​ថា តើ​​សម័យ​​នោះ​មាន​ភូមិ​​ស្រុក​​ណា​​មួយ​​ដែល​​មាន​​ឈ្មោះ​បាត់​ដំបង​​នោះ​​ទេ​។ ប៉ុន្តែ​​យើង​​​​ក៏​​មិន​ហ៊ាន​​សន្និដ្ឋាន​​ថា ឈ្មោះ​​បាត់​ដំបង នេះ​​មាន​​ប្រើ​ ឬ​​មិ​ន​​ប្រើ​​ក្នុង​​សម័យ​​នោះ​​​ដែរ​។​ ប៉ុន្តែ​​ក្នុង​​សម័យ​​អង្គរ​ និង​​ក្រោយ​​អង្គរ​​ តាម​​ឯកសារ​​មហា​ជន​​ខ្មែរ​ មាន​​​ប្រើ​​ឈ្មោះ​​ស្រុកបាត់ដំបង​។ ​ ហេតុ​អ្វី​​បាន​​ជា​​ហៅ​​ឈ្មោះ​​​បាត់​ដំបង​ ប្រវត្តិ​សាស្ត្រ​​សរ​សេរ​​លើ​​សិលា​ចារិក​​មិន​​បាន​​ឆ្លើយ​​ឱ្យ​​ដឹង​​ឡើយ​គឺ ​មាន​​តែ​​នៅ​​ក្នុង​​រឿង​​ព្រេង​​ប៉ុណ្ណោះ​​គឺ​​រឿង តា​ដំបង​ក្រញូង ​ដែល​​ខ្មែរ​​យើង​​យល់​​ថា​​ជា​​រឿង​​កើត​​មាន​​តាំង​​ពី​​សម័យ​​អង្គរ​​ដែល​បាន​​ពន្យល់​​ពី​​ដើម​​ហេតុ​ដែល​​នាំ​​ឱ្យ​យើង​​ហៅ​​ឈ្មោះ​ បាត់ដំបង ​ឬ​​អូរ​ដំបង​។ ​ឯ​ឈ្មោះ​​ព្រះ​​ដំបង​ គឺ​ស្តេច​រាមាទី១​ ​កំណត់​​ឱ្យ​​ហៅ​​ឈ្មោះ​​ភូមិ​​សង្កែ​​ថា​​ជា​ព្រះ​ដំបង​​។

កាល​​ពី​​មុន​​សម័យ​​អង្គរ​ និង​សម័យ​​អង្គរ​​ភាគ​​ខាង​​លិច​និង​ភាគ​ពាយ័ព្យ​​នៃ​បឹងទន្លេសាប​​គឺ​​ជា​​ដែន​​ដី​​អ​មោឃ​បុរៈ​​ និង​​ជា​​​ដែន​​ដី​ភិមៈ​បុរៈ​។ នៅ​​ក្នុង​សម័យ​​​អង្គរ​​ដែន​ដី​ ឬ​ភូមិ​ភាគ​អមោឃ​បុរី​មាន​ការ​រីក​ចំរើន​ខ្លាំង​ដោយ​សារ​ ដី​មាន​ជីរ​ជាតិ​ល្អ​អាច​ដាំ​ដំណាំ​ស្រូវ​ និង​បន្លែ​ផ្លែ​ឈើ​ផ្សេង​ៗ​បាន​ប្រកប​ដោយ​ទិន្ន​ផល​ល្អ​ប្រសើរ​។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជំនាន់​នោះ​មក​រស់​នៅ​ភូមិ​ភាគ​នេះ​​ច្រើន​ជា​ភស្តុតាងបង្ហាញគឺ ​មាន​ប្រា​សាទ​បុរាណ​ជា​ច្រើន​សន្ឋឹក​សន្ឋាប់​ក្នុង​តំបន់​នេះ។ ប៉ុន្តែ​ប្រាសាទ​បុរាណ​ទាំង​នោះ​រលំ​បាក់​បែក​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់ លើក​លែង​តែ​ប្រាសាទបាណន់ ប្រាសាទ​ឯក​ភ្នំ ប្រាសាទ​បា​សែត ​ប្រាសាទ​ស្ទឹង បន្ទាយ​​ទ័យ បន្ទាយ​ឆ្មារ។​ល​។ ដែលនា​ម៉ឺនសព្វ​មុខ​មន្ត្រី​និង​ប្រជា​រាស្ត្រ​ជំនាន់​នោះ​បាន​កសាង​ឡើង​ សំរាប់​ជា​ទី​សក្ការៈ​បូជា​ដល់​ព្រះ​​អា​ទិ​ទេព​និង​ទេវៈ​ផ្សេង​ៗ ខាង​ព្រហ្មញ្ញ​សាសនា ​ឬ​ក៏​ដល់​ព្រះពុទ្ឋ​ និង​ពោធិ​សត្វ​ផ្សេង​ៗ​ខាង​ ពុទ្ឋសាសនា​។

នៅ​សតវត្ស​រ៍ក្រោយ​មក​ទៀត ​ដែន​ដី​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ចំ​បាំង​រាំង​ជល់ដោយ​ការ​ឈ្លាន​​ពាន​ពីសំ​ណាក់​ពួក​សៀម​តាំង​ពី​សត​វត្ស១៥​-​១៦​-​១៧​-​១៨ បាន​​ធ្វើ​ឱ្យជីវភាពរស់​នៅ​​​របស់​​ប្រជាជន​​បាត់ដំបង​​​​ជំនាន់​នោះ​ធ្លាក់​​ក្រលំ​បាក​ព្រាត់​ប្រាស​​និរាស​​គ្រួសារ​​ទ្រព្យ​សម្បត្តិ​​ផ្ទះ​​សម្បែង​​គួរ​​ឱ្យ​​ខ្លោច​​ផ្សារ​​​។ ត្រាខេត្ត​បាត់ដំបង​​ក្រោម​សម័យ​គ្រប់គ្រង​​ដោយ​ថៃ​។

នៅ​ចុង​សត​វត្ស​ទិ១​៨​ដល់​ដើម​សតវត្ស​ទី​២០​ ខេត្ត​បាត់ដំបង​ក៏​ធ្លាក់​នៅ​ក្រោម​អំណាច​ត្រួត​ត្រា​ជិះ​ជាន់​របស់​ពួក​សៀម​អស់​រយៈ​​ពេល​ជាង​មួយ​សតវត្សរ៍ដែល​គ្រប់​គ្រង​ដោយ​អំណាច​គ្រួសារ ចៅហ្វាបែន​ក្រោយ​មក​គេ​ដាក់​ឈ្មោះ​ថា " ត្រ​កូល​អភ័យ​វង្ស​ "​​អស់​៦​តំណរ​ហូត​ដល់​ឆ្នាំ​១៩០៧។

តាម​សន្ឋិ​សញ្ញា​បារាំង-សៀម ​ចុះ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ១៩០៧ សៀម​ត្រូវ​ប្រគល់​មក​ឱ្យកម្ពុជា​វិញ​នូវ​ទឹក​ដី​ដែល​ខ្លួន​​ធ្លាប់​កាន់​កាប់​ជាង​មួយ​សតវត្ស​រ៍នោះគឺ​បាត់​ដំបង សៀមរាប​អង្គរ សិរី​សោ​ភ័ណ​និង​ចុង​កាល់​ដោយ​ប្តូរ​ និង​ខេត្ត​ត្រាត​និង​តំបន់​​ដាច់​សេ(ដែន​ដី​លាវ)​ ប៉ែក​ខាង​លើ​នៃ​ទន្លេមេគង្គ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ព្រះ​ករុណា​ព្រះ​បាទ​ស៊ី​សុវត្ថិ​ទ្រង់​បាន​ចេញ​ព្រះ​ រាជ​​ប្រកាស​លេខ​៦៦ ចុះ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ១៩០៧​កំណត់​ដែន​ដី​បាត់​ដំបង​ត្រូវ​បែង​ចែក​ជា​៣​ខេត្តគឺ ខេត្ត​បាត់ដំបង ខេត្ត​សៀម​រាប​ ​និងខេត្ត​សិរី​សោ​ភ័ណ។ នៅ​ឆ្នាំ​​១៩២៥​ ទឹក​ដី​​ខេត្ត​បាត់​ដំបង​ត្រូវ​​បាន​​បែង​​ចែក​​សារ​​ជា​​ថ្មី​​ឱ្យ​ទៅ​ជា​​ខេត្ត​បាត់ដំបង និង​ខេត្តសៀមរាប ក្នុង​នោះ​​ខេត្ត​បាត់ដំបង​​មាន​ស្រុក​២ គឺ​ស្រុកបាត់ដំបង និងស្រុកសិរីសោភ័ណ​​។

នៅ​ឆ្នាំ​១៩៤០ ខេត្ត​បាត់​ដំបង​​មាន​ស្រុក​ចំនួន​៧ គឺ​ស្រុកបាត់ដំបង ស្រុកសង្កែ ស្រុក​មោង​ឬ​ស្សី​ ស្រុក​មង្គល​បុរី ស្រុក​ទឹក​ជោរ ស្រុកសិរីសោភ័ណ និង​ស្រុក​បិ​ត្បូង។ នៅ​ខែឧសភា​ឆ្នាំ​១៩៥៣​ តំបន់​រដ្ឋបាល​ប៉ោយ​ប៉ែត​ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ស្រុក​សិរី​សោ​ភ័ណខែកក្កដាឆ្នាំ​១៩៥៧ ស្រុក​​ទឹក​ជោរ​ត្រូវ​បាន​បែង​ចែក​ទៅជា​២ស្រុក​គឺ​ស្រុក​ព្រះនេត​ព្រះ​និង​ស្រុក​ភ្នំ​ស្រុក។​ ស្រុកសិរីសោភ័ណ​ត្រូវ​បាន​បែង​ចែក​ទៅ​ជា​២​ស្រុក​ដែរ​​គឺស្រុក​សិរីសោ​ភ័ណ និង​ស្រុក​បន្ទាយ​ឆ្មា។​ ​ខែមីនា​ ឆ្នាំ១៩៦៥ តំបន់​រដ្ឋ​បាល​ប៉ោយ​ប៉ែត​ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៩៥៣ នោះ​ត្រូវ​​បាន​ចាត់​ថ្នាក់​ជា​ស្រុក​ឈ្មោះ​ថា​ស្រុក​អូរជ្រៅ។ ​ខែកក្កដា ឆ្នាំ១៩៦៥ ទឹក​ដី​មោង​ឬស្សី​មួយ​ផ្នែក​ត្រូវ​បាន​កាត់​ទៅ​ជា​តំបន់​រដ្ឋ​បាល​​គាស់​ក្រឡ។ ខែ​មីនា ​ឆ្នាំ១៩៦៦ ស្រុក​ថ្មី​​មួយ​​ទៀត​​ត្រូវ​បាន​​បង្កើត​​ឡើង​គឺ​ស្រុកថ្ម​ពួក​មាន​ទីតាំង​នៅតាំង​នៅ​​ថ្ម​ពួក។ ជា​មួយ​គ្នា​នេះ​ស្រុក​បន្ទាយ​ឆ្មា​ត្រូវ​បាន​ដក​ចេញ​ពី​ខេត្ត​បាត់​ដំបង​ឱ្យ​ចំណុះ​ខេត្ត​ឧត្តមាន​​ជ័យ​វិញ​ដែល​ជា​ខេត្ត​ដែល​ទើប​បង្កើត​ថ្មី។

នៅ​ដើម​សម័យ​សា​ធារ​ណ​រដ្ឋ​ខ្មែរ​មាន​ស្រុក​ចំនួន០​២​បាន​បង្កើត​ឡើង​គឺ​ស្រុកបា​ណន់ និង​ស្រុក​គាស់​ឡ។ សរុប​មក​ដល់​ត្រឹម​នេះ​​ស្រុក​បាត់​ដំបង​មាន​ស្រុក​ចំនួន​៩ គឺ​ស្រុក​បាត់​ដំបង ស្រុក​សង្កែ ស្រុក​មោង​ឬស្សី​ ស្រុក​មង្គល​បូរី ស្រុក​សិរី​សោ​ភ័ណ​​ ស្រុក​អូរ​ជ្រៅ​​ ស្រុក​ព្រះនេត្រ​ព្រះ ស្រុក​បាណន់ ស្រុក​គាស់​ឡនិង​តំបន់រដ្ឋបាល​ចំនួន០​២គឺ​តំបន់​រដ្ឋ​បាល​បាក់​ព្រា​និង​តំបន់​រដ្ឋ​បាល​ល្វា។ ក្នុង​របប​​វាល​ពិ​ឃា​ត​៣ឆ្នាំ ៨​ខែ​ ២០ថ្ងៃ​នៅ​ខេត្ត​បាត់​ដំបង​ក៏​ដូច​ជា ​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ដែរ​ប្រជាពល​រដ្ឋ​ត្រូវ​​បាន​ជម្លៀស​ចុះ​ឡើង​ពិសេស​​ពី​​តំបន់​ទី​ក្រុង​ទី​ ប្រជុំ​ជន​ទៅ​កាន់​ជន​បទ​និង​តំបន់​ព្រៃ​ភ្នំ។ ខេត្តបា​ត់​ដំបង​ធ្លាប់​ល្បីថា​ជា​ជង្រុក​ស្រូវ​នៃ​ប្រទេស​បាន​ក្លាយ​ទៅ ជា​តំបន់​ទទួល​ទារុណ​កម្ម​កាប់​សំលាប់​និង​បង្អត់​អាហារ​ ពេល​នោះ​ខេត្ត​ពុំ​ មាន​ព្រំ​ប្រទល់​ច្បាស់​លាស់​ទេ​ដោយ​ អង្គ​ការ​ដឹក​នាំ​ពេល​នោះ​ដាក់​ខេត្ត​បាត់​ដំបង​​ទៅ​ក្នុង​តំបន់​ភូមិ​ភាគ​ពាយ័ព្យ​ហើយ​មាន​តំបន់​១​តំបន់​៣​តំបន់​៤និង​តំបន់​៥។ ខណៈ​នោះ​មាន​ឮ​គេ​ហៅ​ឈ្មោះស្រុក​ខ្លះ​ដែរ​ដូច​ជា​ស្រុក​​ភ្នំ​សំពៅ ស្រុក​បាត់​ដំបង-ស្រុក​មង្គល​បុរី​ ស្រុក​សង្កែ​-​ស្រុកមោង​ឬស្សី​-​ស្រុក​៤១​-​ស្រុក​៤២។ល។ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍​នៅ​ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ​១៩៧៩។ ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​មាន​ឈ្មោះ​​ថា​គណៈ​កម្មាធិ​ការ​ប្រជា​ជន​បដិវត្តន៍ ​(ខេត្ត​-​ស្រុក​-ទីរួម​ខេត្ត-​ឃុំ-​សង្កាត់​)។ គណៈ​កម្មាធិការ​ប្រជាជន ឃុំ​-​សង្កាត់​ត្រូវ​បាន​ជ្រើស​រើស​​ដោយ​ការ​បោះ​ឆ្នោត​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៨៣។ ពី​ឆ្នាំ​១៩៨៩ដល់ឆ្នាំ១៩៨៦ ខេត្ត​បាត់ដំបង​មាន​ស្រុក​ចំនួន​៩​ទី​រួម​ខេត្ត​ចំនួន​១។ នៅ​ឆ្នាំ​១៩៨៦ស្រុក​ថ្មី​៣​ត្រូវ​បាន​បង្កើត​បន្ថែម​ទៀត​មាន​ស្រុកបាណន់​-​ស្រុក​បវេល​ និង​ស្រុកឯ​ក​ភ្នំ​។ត្រឹម​តំណាក់​កាល​នេះ​​បាត់​ដំបង​មាន១២​ស្រុក ​និង​ទី​រួម​ខេត្ត​៩គឺ​ស្រុក​មោង​ឬស្សី-​ស្រុក​សង្កែ​ស្រុក​បាណន់-​ស្រុកឯក​ភ្នំ-​ស្រុក​បាត់ដំបង-ស្រុក​រតន​មណ្ឌ​​ស្រុក​មង្គល​បុរី​-ស្រុក​ សិរិសោ​ភ័ណ ស្រុក​ព្រះ​នេត​ព្រះ-​ស្រុកថ្មពួក​-​ស្រុក​ភ្នំ​ស្រុក​ និង​ស្រុកបវេល​។ ​ឆ្នាំ​១៩៨៨​ ស្រុក​ចំនួន​៥​គឺ​ស្រុក​មង្គល​បុរី​-​ស្រុក​ថ្ម​ពួក​-​ស្រុក​សិរី​សោ​ភ័ណ​-ស្រុក​ព្រះ​នេតព្រះ និង​ស្រុក​ភ្នំ​ស្រុក​ត្រូវ​បាន​​កាត់​ចេញ​ដើម្បី​បង្កើត​ជា​ខេត្ត​ថ្មី​មួយ ​ទៀត​គឺ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ចាប់​ពី​នោះ​រហូត​ដល់​ឆ្នាំ​១៩៩៣ ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៧​​ទី​រួម​ខេត្ត​១ និង​​ឃុំ​ចំនួន​៥៣​និង​សង្កាត់​ចំនួន​១០។ ក្រោយ​មាន​រដ្ឋ​ធម្មនុញ្ញថ្មី​ទី​រួម​ខេត្ត​បាត់​ដំបង​ត្រូវ​បាន​ប្តូរ​ ឈ្មោះ​មក​ជា​ស្រុក​ស្វាយ​ប៉ោ​វិញ។ ចំណែក​សង្កាត់​ទាំង​១០​ត្រូវ​បាន​ប្តូរ​​មក​ជា​ឃុំ​ដូច្នេះ​ខេត្ត​បាត់​ដំបង​មាន​ស្រុក​ចំនួន​៨​និង​ឃុំ​ចំនួន​៤៧។ តែបច្ចុប្បន្នខេត្តបាត់ដំបង ស្ថិតនៅភាគ​ពាយ័ព្យនៃ​ប្រទេស​មាន​ចំងាយ ២៩១​គីឡូម៉ែត្រពី​រាជធានី​ភ្នំពេញដែលមានព្រំប្រទល់ខាងកើតជា​ប់​ខេត្តពោធិសាត់​និងបឹង​ទន្លេសាប ខាង​លិច​ជាប់ខេត្តប៉ៃលិននិង​ប្រទេ​ស​ថៃ ខាងជើង​ជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូង​ជាប់​​​​ខេត្តពោធិ៍​សាត់​។ ទិសភាគ​ខាងលិច​មានព្រំប្រ​ទ​ល់ប្រវែង១៤៤,៨គីឡូម៉ែត្រ ជាប់ខេត្តច័ន្ទបុរី ត្រាត និងស្រះ​កែវ​របស់​ប្រទេសថៃ។ ខេត្តមាន​ផ្ទៃ​ដី​សរុប ១១.៧៤៨គម២ ស្រុកមាន១៣ និងក្រុង១ ឃុំចំនួន​៩២ សង្កាត់​១០ ​​និងភូមិចំនួន៨០៩។ ចំនួន​​គ្រួសារ ២៦៣,៤៣៥​គ្រួសារ ប្រជាពលរដ្ឋ​សរុប ១.២០៥.០៥០​នាក់ ស្រ្តី​ចំនួន ៦០២.៩៩៤នាក់ កម្លាំង​ពលកម្ម​ជា​សក្តានុពល​ចាប់​ពី​អាយុ​១៨​-​៣៥​ឆ្នាំ មាន​ចំនួន​៥៦% កំណើន​ប្រជា​ពល​​រដ្ឋ​​​ប្រចាំ​ឆ្នាំ​​២.៣% ដង់ស៊ីតេ​​១០៤.៩២​នាក់/.២​ ​​ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម​​ចម្បង​​មាន​​៧២,២០​​% កម្ពស់​​ទឹក​ភ្លៀង​ជាមធ្យម​​៩៦០.១មម/១ឆ្នាំ អាកាសធាតុ​​.0ºc - .0ºc​។ ខេត្ត​មានច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​១​គឺ​ច្រកដូង​​(ស្រុកកំរៀង)​ និង​ច្រក​ទ្វារ​តំបន់​ព្រំដែន​៤​ទៀត​គឺ​ច្រកទ្វារ​​គីឡូ​១៣​(ភ្នំដី)​ក្នុងស្រុក​សំពៅលូន ច្រកទ្វារ​អូររំដួល​ក្នុងស្រុកភ្នំព្រឹក ច្រកទ្វារ​អូរអន្លក់​(សួនស៊ុំ)ក្នុង​ស្រុក​កំរៀង និង​ច្រកទ្វារ​​ឆករកា​(៤០០)​ក្នុង​ស្រុក​សំឡូត។ ស្ថានភាព​​នៅ​តាម​​ច្រក​ព្រំដែន​​កម្ពុជា​​-​ថៃ គឺ​​មាន​​កិច្ច​សហការ​គ្នា​ល្អ​ប្រសើរ និង​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រួល​ចរាចរ​នាំ​ចេញ-​នាំ​ចូល ពិសេស​កសិផល​ប្រជា​នៅ​ស្រុក​ជាប់​ព្រំ​ដែន​។ លទ្ធ​ផល​GDP​ឆ្នាំ​២០១៦ សេដ្ឋកិច្ច​ខេត្ត​បាត់ដំបង មាន​ប្រមាណ​ ៦,២៧៤,០៨៣.៨​លានរៀល គិតជា​ដុល្លារ​ប្រហែល ១,៥៥៧.៦​លានដុល្លារ (​អត្រាប្តូរប្រាក់​១$=៤០២៨៛​) បើ​គិត​តាម​ថ្លៃ​បច្ចុប្បន្ន​នៅ​ឆ្នាំ២០១៥​។ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ សេដ្ឋកិច្ច​ខេត្ត​មាន ៥,៨៨៧,៤០២.៥​លានរៀល ស្មើនឹង ១,៤៦០.៩​លានដុល្លារ​អាមេរិច​។ សេដ្ឋកិច្ច​មាន​កំណើន ៤.១% នៅ​ឆ្នាំ​២០១៥ ធៀប​នឹង​ឆ្នាំ​២០១៤ ចំណូល សម្រាប់​ម្នាក់​ ១,៣២៤.៥$ នៅ​ឆ្នាំ​២០១៥ និង ១,២៥៨.០$ នៅ​ឆ្នាំ​២០១៤​។ 

 

២.ឥស្សរៈជនដែលធ្លាប់ជាចៅហ្វាយ ឬអភិបាលខេត្តបាត់ដំបងក្រោយ១៩០៧

បើយោង​តាម​ឯកសារ​ដែល​បាន​ដក​ស្រង់​ពី​សៀវ​ភៅ​រាជកិច្ច​ដែល​តម្កល់​ទុក​នៅ​បណ្ណាល័យ​ជាតិ​ភ្នំពេញ​ ឃើញ​ថា​មាន​ចៅហ្វាយ​ ឬ​ភិបាលខេត្ត​ជា​ច្រើន​រូប​បាន​ដឹកនាំ​នៅ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង​ បន្ទាប់​ពី​លោក​ម្ចាស់​ កថាថន ឈំ វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ រួម​មាន ៖

១.  ឧកញ៉ា​អភិបតីសេនា​ អែម អរុណ ឆ្នាំ១៩០៨ ដល់ឆ្នាំ​១៩២២
២.  លោក ជា   ឆ្នាំ​១៩២២ ដល់ឆ្នាំ​១៩២៧
៣.  លោក នួន   ឆ្នាំ​១៩២៧ ដល់ឆ្នាំ​១៩៣៤
៤.  ឧកញ៉ា ចុង ទួន ឆ្នាំ​១៩៣៤ ដល់ឆ្នាំ១៩៣៩
៥.  លោក មាស ណាល់ ឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤១ (​ឆ្នាំ​១៩៤១-​១៩៤៦ សៀម​គ្រប់គ្រង​ម្តងទៀត​)
៦.  លោកសេនាប្រមុខ លន់ នល់ ឆ្នាំ​១៩៤៦ ដល់​ឆ្នាំ​១៩៤៧
៧.  លោក ស៊ីន ឈយ ឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៤៨
៨.  លោក​សេនា​ប្រមុខ លន់ នល់​ ឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៤៩
៩.  ឯកឧត្តម ទេព ផន ឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥១
១០.  ឯកឧត្តម ផូ ព្រឿង ឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៤
១១.  លោក ចាយ ធុល ឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៥៦
១២.  ឯកឧត្តម ទេព ផន ឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៥៩
១៣.  ឯកឧត្តម ទឹម ងួន ឆ្នាំ១៩៥៩ ដល់​ឆ្នាំ១៩៦៦
១៤.  លោក យ៉ែម មុនីរ័ត្ន ឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៦៧
១៥.  លោក អ៊ិន តាំ ឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨
១៦.  ឯកឧត្តម ទឹម ងួន ខែមេសា ដល់ខែ​តុលា ឆ្នាំ១៩៦៨
១៧.  ឧត្តមសេនីយ៍ សេក សំអៀត ឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៤
១៨.  ឧត្តមសេនីយ៍ទោ សារ ហោ ខែវិច្ចិកា ឆ្នាំ១៩៧៤ ដល់​​ខែមករា ឆ្នាំ១៩៧៥
១៩.  ឧត្តមសេនីយ៍ សេក សំអៀត ខែមករា ដល់ខែ​មេសា ឆ្នាំ១៩៧៥
២០.  សមមិត្ត រស់ ញឹម ហៅតាកៅ ឆ្នាំ១៩៧៥ ដល់ឆ្នាំ​១៩៧៨
២១.  សមមិត្ត ឈិត ជឿន ហៅតាម៉ុក ឬ​តា​១៥ ឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៧៩
២២.  សមមិត្ត កែវ ធី ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០
២៣.  សមមិត្ត ឡាយ សាម៉ុន ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២
២៤.  សមមិត្ត ស៊ុំ សាត ឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៤
២៥.  សមមិត្ត កែ គឹមយ៉ាន ឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៦
២៦.  សមមិត្ត សុក សារ៉ាន់ ឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩១
២៧.  សមមិត្ត អ៊ុង សាមី ឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣
២៨.  ឯកឧត្តម អ៊ុង សាមី ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩
២៩.  ឯកឧត្តម នៅ សំ ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១
៣០.  ឯកឧត្តម ប្រាជ្ញ ចន្ទ ឆ្នាំ២០០១ ដល់ឆ្នាំ២០១៤
៣១.  ឯកឧត្តម ច័ន្ទ សុផល ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧
៣២.  ឯកឧត្តម ងួន រតនៈ ថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០១៧ ដល់​បច្ចុប្បន្ន ។