ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

 

ទិដ្ឋភាពទូទៅ

ខេត្តបាត់ដំបងស្ថិតនៅ​ភាគពាយ័ព្យ​នៃប្រទេសមានចំងាយ ២៩១ គ.ម ពីរាជធានីភ្នំពេញ  ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តប៉ៃលិន និងព្រះរាជាណាចក្រថៃឡង់ដ៏ ខាងកើតទល់នឹងខេត្តពោធិ៍សាត់ និងបឹងទន្លេសាប ខាងជើងទល់នឹងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ខាងត្បូងទល់នឹងខេត្តពោធិ៍សាត់។ ទិសភាគខាងលិចមានព្រំប្រទល់ប្រវែង ១៤៤.៨ គ.ម ជាប់ខេត្តច័ន្ទបុរី ត្រាត និងស្រះកែវ របស់ប្រទេសថៃ។

ខេត្តបាត់ដំបង មាន៖

- ផ្ទៃដីសរុប ១១,៧៤៨គីឡូម៉ែត្រការ៉េ

- ស្រុកមានចំនួន ១៣  និងក្រុង ១ ឃុំចំនួន ៩២ សង្កាត់ ១០ និងភូមិចំនួន ៨០៩ (គិតត្រឹមឆ្នាំ២០១៨)

- ចំនួនគ្រួសារ ២៥៨.៦៨២ គ្រួសារ

- ប្រជាពលរដ្ឋសរុប ១.២៣២.៧០៦នាក់/ស្រ្តីចំនួន ៦១៦,៨៥៤នាក់

- កម្លាំងពលកម្មជាសក្តានុពលចាប់ពីអាយុ ១៨-៣៥ ឆ្នាំមានចំនួន ៥៦%

- កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំ ២.៣% ដង់ស៊ីតេ ១០៤.៩២នាក់/គីឡូម៉ែត្រការ៉េ

- ប្រជាពលរដ្ឋប្រកបរបរកសិកម្មចម្បងមាន ៧២,២០%

- កម្ពស់ទឹកភ្លៀងជាមធ្យម ៩៦០.១ មម/១ឆ្នាំ

- អាកាសធាតុ   ១៣.៥ - ៤១.៥ អង្សាសេ

ចក្ខុវិស័យ

ខេត្តបាត់ដំបងមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព សមភាព សមធម៌លើគ្រប់វិស័យ និងមានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ល្អ ធានាបាននូវការទាក់ទាញវិនិយោគគិន និងអ្នកទេសចរណ៍មកកាន់ខេត្តបាត់ដំបងកាន់តែច្រើនឡើង។

ទិដ្ឋភាពទូទៅគោលបំណងអភិវឌ្ឍន៍

  • វិស័យសេដ្ឋកិច្ចខេត្តបាត់ដំបងមានកម្រិតរីកចម្រើន និងសំដៅជំរុញការកាត់បន្ថយអត្រាភាពក្រីក្រឱ្យនៅកំរិតទាប។
  • ប្រជាជនខេត្តបាត់ដំបងរស់នៅប្រកបដោយសុខុមាលភាព មានចំណេះដឹងជ្រៅជ្រះ រក្សាបាននូវអត្តសញ្ញាណជាតិ និងមានសាមគ្គីភាពរឹងមាំ។
  • ខេត្តបាត់ដំបងមានការគ្រប់គ្រងដីធ្លី និងសំណង់នានាបានត្រឹមត្រូវ រក្សាបានបរិស្ថានល្អប្រសើរ និងកាត់បន្ថយបាននូវជម្លោះដីធ្លី គ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្រោះមហន្តរាយផ្សេងៗ។
  • ប្រជាជននៅទូទាំងខេត្តបាត់ដំបង ទទួលបាននូវសេវាសាធារណៈកាន់តែប្រសើរឡើង និងរស់នៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍

  • ខេត្តយកចិត្តទុកដាក់ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម ទេសចរណ៍ សេវាកម្ម លើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគឯកជនដែលជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់ឱ្យមកវិនិយោគនៅក្នុងខេត្ត។
  • លើកកម្ពស់សេវាសុខាភិបាល អប់រំចំណេះដឹងទូទៅ អប់រំកាយនិងកីឡា គាំទ្រយ៉ាងសកម្មទាន់ពេលវេលាចំពោះជនងាយរងគ្រោះ និងពង្រឹងការប្រតិបត្តិ ព្រះពុទ្ធសាសនា និងពាហិរសានាឱ្យស្របតាមវិន័យសាសនារៀងៗខ្លួន។
  • យកចិត្តទុកដាក់រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីឱ្យបានច្បាស់លាស់នៅទូទាំងខេត្ត ពង្រឹងការគ្រប់គ្រងការសាងសង់នូវសំណង់ផ្សេងៗឱ្យបានម៉ឺងម៉ាត់ ពង្រឹងការអនុវត្តវិធានការណ៍ក្នុងការការពារធនធានព្រៃឈើ និងធម្មជាតិដទៃទៀត ជំរុញការដាំដុះព្រៃឈើឡើងវិញ ទប់ស្កាត់សកម្មភាពដែលនាំដល់ការបំពុលបរិស្ថាននានា និងជំរុញសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ណមិនទាន់ផ្ទុះដែលកប់ក្នុងដី។
  • យកចិត្តទុកដាក់កែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈកាន់តែមានភាពងាយស្រួល លើកកម្ពស់ការយកចិត្តទុកដាក់ពីសុវត្ថិភាព ផាសុខភាព ការលើកទឹកចិត្ត និងវិន័យការងារមន្រ្តីរាជការនៅទូទាំងខេត្ត និងមានវិធានការណ៍ច្បាស់លាស់ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានាដែលកើតមានឡើងក្នុងខេត្តទាន់ពេលវេលា ស្នើភាព និងតម្លាភាព។

បទយកការណ៏សង្ខេប

 

ទីតាំង