គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំប្រចាំខែមករាឆ្នាំ២០១៩

(បាត់ដំបង) ÷ នាព្រឹកថ្ងៃទី១ខែកុម្ភ:ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំប្រចាំខែមករាឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត។ដោយមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត មេបញ្ជារការយោធភូមិភាគទី៥ មេបញ្ជារប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត មន្រ្តីជំនាញ ពាក់ព័ន្ធក្នុងខេត្តចូលរួមផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្តអនុញាតិឲ្យអង្គភាពពាក់ព័ន្ធឡើងរាយការណ៍ពីលទ្ធផលការងារដែលបានអនុវត្តកន្លងមកនិងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ហើយនាំគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗមិនឲ្យកើតមានឡើងបន្តទៀត។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ថ្មីៗនេះអតីតក្រុមគាំទ្របក្សប្រឆាំងបានលបលួចធ្វើសកម្មភាពនៅតាមមូលដ្ឋាន សមត្ថកិច្ចនិងអាជ្ញធរដែនដីត្រូវសហការគ្នាតាមដានរាល់សកម្មភាពខុសច្បាប់ទាំងនោះនិងធ្វើការទប់ស្កាត់មិនឲ្យកើតមានជាដាច់ខាតក្នុងមូលដ្ឋានខ្លួនខុសត្រូវ។

អភិបាលខេត្តបានជម្រុញឲ្យសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាននាំគ្នាខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អនិងត្រូវជួយប្រជាពលរដ្ឋណាដែលកំពុងជួបប្រទះគ្រោះមហន្តរាយផ្សេងៗ និងនាំគ្នាចូល រួមចំណែកអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាព ដើម្បីឲ្យប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានរស់នៅបានសុខស្បាយទាំងអស់គ្នាផងដែរ។ ដោយ៖ សួន សាមឺឌី