រដ្ឋបាលខេត្តបាត់ដំបង ជំរុញឲ្យខណ្ឌជលផល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធតំបន់ដែននេសាទរបស់ខេត្ត ត្រូវតែពង្រឹង និងអនុវត្តនូវនីតិវិធីច្បាប់មុននឹងធ្វើការជ្រើសប្រធានសហគមន៍នេសាទ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញឲ្យខណ្ឌរដ្ឋបាលជលផលខេត្ត អាជ្ញាធរដែនដីនៃស្រុកទាំង៥ រួមមាន៖ ស្រុកឯកភ្នំ មោងឫស្សី សង្កែ​ ថ្មគោល និងស្រុកបាណន់  ព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំ និងស្មៀន ដែលស្ថិតនៅក្នុងតំបន់ពាក់ព័ន្ធនឹង ដែននេសាទ និងសហគមន៍នេសាទក្នុងខេត្តទាំង៤៧សហគមន៍ ត្រូវតែពង្រឹង និងអនុវត្តនូវនីតិវិធីច្បាប់ឲ្យបានសមស្របឆ្លើយតបនឹងបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធនឹងសហគមន៍នេសាទមុននឹងធ្វើការជ្រើសរើសប្រធានសហគមន៍នេសាទសម្រាប់អាណត្តិថ្មី ដើម្បីជំនួសសហគមន៍ផុតអាណត្តិ ដែលនឹងត្រូវធ្វើការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍នេសាទតាមបណ្តាស្រុកខាងលើ ដោយនៅក្នុងឆ្នាំ២០១៩នេះ គឺ៖ មានចំនួន២៥សហគមន៍ និងឆ្នាំក្រោយចំនួន២១សហគមន៍បន្ថែមទៀត។

ការលើកឡើងបែបនេះ គឺក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សា និងជំរុញណែនាំដល់អាជ្ញាធរដែនដីនិងស្ថាប័នមន្ទីរ និងអង្គភាពជំនាញផ្ទាល់។ ជាពិសេសមេឃុំ និងស្មៀនដែលស្ថិតនៅតំបន់ពាក់ព័ន្ធទៅនឹងដែន នេសាទរបស់ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០១៩នេះក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ នូវកម្រងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធទៅនឹងសហគមន៍នេសាទ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស សហគមន៍នេសាទនៅក្នុងខេត្តបាត់ដំបង និងដើម្បីក្រើនរំលឹក ដាស់ពញ្ញាក់ស្មារតីដល់អាជ្ញាធររដ្ឋបាលស្រុកទាំង៥ខាងលើឲ្យស្វែងយល់ស៊ីជម្រៅ ដើម្បីពង្រឹងវិធានគ្រប់គ្រងនិងកំណត់ឲ្យច្បាស់អំពីតួនាទីរបស់សហគមន៍នេសាទ និងប្រធានសហគមន៍  ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រង និងទទួល ខុសត្រូវរបស់ខ្លួន។

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំនេះថា ដើម្បីពង្រឹងវិធានច្បាប់ស្តីពីជលផលឆ្នាំ២០០៦ និងធ្វើការផ្សព្វផ្សាយនូវកម្រងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធនឹងសហគមន៍នេសាទជូនដល់អាជ្ញាធរនៃរដ្ឋបាល ស្រុក ឃុំ និងស្មៀនដែលគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសនូវសមាសភាពប្រធានសហគមន៍នេសាទឆ្នាំនេះ និងឆ្នាំខាងមុខ និងដើម្បីឆ្លើយតបទៅនិងស្ថានភាពទូទៅវិស័យជលផល ខេត្តបាត់ ដំបង ដោយផ្តោតសំខាន់ ទៅលើតួនាទី ភារកិច្ច និង សិទ្ធិរបស់ សហគមន៍នេសាទ។

សហគមន៍នេសាទនីមួយៗ ត្រូវដឹកនាំដោយគណៈកម្មការមួយដែលហៅថា "គណៈកម្មការសហគមន៍នេសាទ" ដែលជ្រើសរើសតាមរយៈនៃការបោះឆ្នោត របស់ មហាសន្និបាតដោយសម្ងាត់ សរៗរី ត្រឹមត្រូវ និងយុត្តិធម៌។ លោក ជួង សុភា បានឲ្យដឹងបន្ថែមទៀត ថា៖ខេត្តបាត់ដំបង មានសហគមន៍នេ សាទចំនួន៤៧ក្នុងនោះ(១ជាសហព័ន្ធ)។មានកន្លែងអភិ រក្សត្រីមេពូជសហគមន៍នេសាទចំនួន៤៩កន្លែង។សហគមន៍នេសាទដែលបានចុះបញ្ជី ចំនួន៤១។ សហគមន៍នេសាទដែលបានរៀបចំផែនការគ្រប់គ្រងចំនួន៤២។ទំហំនៃដែនសហគមន៍នេសាទ មានចំនួន២៥៨ពាន់៩៧៥ ហិកតា។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តទទួលបន្ទុកជំនាញ និងជាប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាបានវាយតម្លៃខ្ពស់ក្នុងកិច្ចប្រជុំនេះដោយបានជំរុញដល់អាជ្ញាធរស្រុកពាក់ព័ន្ធ និងលោកមេឃុំ ស្មៀន ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តនូវខ្លឹមសារ ស្មារតីនៃកិច្ចប្រជុំនេះ ឲ្យបានសម្រេចនូវក្នុងការជ្រើសរើសនិងរៀបចំសមាសភាពដឹកនាំសហគមន៍នេសា ទក្នុងដែនសមត្ថកិច្ចខ្លួនដើម្បីឲ្យឆ្លើយតបទៅនឹងគោលដៅកំណត់អំពីវិធាន និងនីតិវិធីដើម្បីបង្កើត និងគ្រប់គ្រងសហគមន៍នេសាទ នឹងដើម្បីរួមគ្នា ធ្វើឲ្យ ធនធានជលផលមាននិរន្តភាព សម្រាប់ថ្ងៃអនាគត៕