ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង ថ្ងៃបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល២០១៩ មានចំនួនជាង៦ម៉ឺននាក់

ឯកឧត្តម ងួន រតនៈ គណៈអភិបាលនៃអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០១៨ ឈានចូលឆ្នាំ ២០១៩ នៅទីធ្លាសួនច្បារ "សួននាគសន្តិភាព" ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ការឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី២០១៩នេះ វាពិតជាផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ និងជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាទាំងមូល ជាពិសេសបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងយើងផ្ទាល់។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីគោលបំណង និងសារៈសំខាន់នៃថ្ងៃនេះផងដែរថា ទី១)ផ្តោតសំខាន់រំលឹកដល់ថ្ងៃខួប៤០ឆ្នាំ នៃទិវាថ្ងៃជ័យជម្នះ៧មករា១៩៧៩-៧មករា២០១៩ និងទី២)ដើម្បីរំលឹកខួបនៃថ្ងៃបញ្ចប់សង្គ្រាមទាំងស្រុងរវាងខ្មែរ និងខ្មែរ ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងចន្លោះឆ្នាំ១៩៩៨ដល់២០១៨។

បើតាមការគូសបញ្ជាក់ពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត បានឲ្យដឹងថា ក្នុងថ្ងៃឆ្លងឆ្នាំសកល២០១៩នេះ រដ្ឋបាលខេត្តបាត់ដំបង បានជំរុញឲ្យអាជ្ញាធរក្រុង និងស្រុកបាណន់ ត្រូវយកចិត្តទុកដាក់ខិតខំបង្កការរៀបចំតាមទីកន្លែងកម្សាន្តនៅក្នុងតំបន់ខ្លួនមាន ដើម្បីបម្រើការកម្សាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដើម្បីបង្កឲ្យមានការរាំលេង តាមទីកន្លែងកម្សាន្តនានាផងដែរ។ តាមរបាយការណ៍អំពីចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង ថ្ងៃបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល២០១៩នេះ មានចំនួនសរុប៦៥,៩៩៦នាក់ ក្នុងនោះ ក្រុងបាត់ដំបង មានចំនួនសរុប៥២,៧៨៥នាក់ ។ (មានវីឌីអូរ)

 

(វីឌីអូរ)៖