គោលដៅទេសចរណ៍ វត្ដឈើខ្មៅ

វត្ដឈើខ្មៅ  មានទីតាំងស្ថិតនៅតាមបណ្ដោយតំបន់ព្រៃលិចទឹក នៃបឹងទនេ្លសាបលើទួលមួយ ក្នុងភូមិកោះ ជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ  ខេត្ដបាត់ដំបងដែលមានចំងាយ ៥៤.១០ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង រហូតទៅដល់វត្ដ។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរទៅកាន់ទីនោះដោយមធ្យោបាយ កាណូត អូប័រ ដោយប្រើរយៈ ពេលប្រហែល ៤ៈ៣០ ម៉ោង ឬ ៥ៈ០០ ម៉ោងនៅរដូវវស្សា។ វត្ដឈើខ្មៅមានទីតាំងភូមិសាស្ដ្រកូអរដោនេ X : 339019,  Y : 1476368    ។
វត្ដឈើខ្មៅ មានទីតាំងនៅលើទួលមួយ ដែលកាលពីដើមឡើយលើទួលនេះសំបូរទៅដោយដើមឈើខ្មៅ ហើយគេបានកាប់ឈើនោះ យកមកធ្វើព្រះវិហារ ទើបគេអោយឈ្មោះថាវត្ដឈើខ្មៅ។ វត្ដឈើខ្មៅបានសាងសង់នៅឆ្នាំ ១៨៨៧  ជំនាន់ព្រះគ្រូចៅអធិការព្រះនាម សឿ   ហើយទួលនេះគឺជាទួលសក្ដិសិទ្ធិនៅក្នុងតំបន់ទនេ្លសាប ទោះបីជា មានទឹកជំនន់ធំប៉ុណ្ណាក៏ទួលដែលសាងសង់ព្រះវិហារនេះពុំដែលលិចទឹកទេ  ហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមថា ទួល អណ្ដែត។
វត្ដឈើខ្មៅ ជាវត្ដបុរាណមួយ ដែលសាងសង់នៅតំបន់ព្រៃរនាម។ នៅរដូវប្រាំងព្រះវិហារនេះ មើលទៅដូចជា ប្រាសាទមួយនៅកណ្ដាលព្រៃ ដែលលេចធ្លោទៅលើអាកាស។   នៅលើទួលនេះមានសល់ទូក ង មួយដែលគេកសាង ឡើងតាំងពីពេលកកើតវត្ដដែលទូកនោះធ្វើពីឈើគគី ដែលដុះនៅលើទួលនោះ ហើយមានបារមីមិនដែលចាញ់ទេ ពេល ប្រណាំងម្ដងៗ។