អភិបាលរងខេត្តបានដឹកនាំក្រុមការងារចំរុះធ្វើការដុតទំនិញខូចគុណភាពជាង៣ពាន់ គក្រ បន្ទាប់ពីរឹបអូសបាននៅតាមផ្សារនានាក្នុងខេត្តកន្លងមក...

(បាត់ដំបង)៖ ឯកឧត្តម ហឿង សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំក្រុមការងារចំរុះធ្វើការដុតទំនិញហួសកាលបរិច្ឆេទនិងខូចគុណភាពជាង៣.២២៨គក្រ បន្ទាប់ពីមន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តបានរឹបអូសនៅតាមផ្សារនានាក្នុងខេត្តកន្លងមកនឹងជាក់ស្តែងនៅព្រឹកមិញថ្ងៃទី៦ខែធ្នូឆ្នាំ២០១៨ ក្រុមការងារចំរុះបានចុះត្រួតពិនិត្យជាមួយមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍បាននាំយករថយន្តពិសោធន៏ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលចុះពិនិត្យនៅផ្សារធំ រកឃើញទំនិញខូចគុណភាពចំនួន ៥ គីឡូក្រាម  និងធ្វើពិធីដុតកម្ទេចចោលទំនិញខូចគុណភាពនេះបានធ្វើឡើង នារសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០១៨ នៅចំណុចឃុំអន្លងវិលស្រុកសង្កែខេត្តបាត់ដំបង។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានឱ្យដឹងថា រយៈពេលកន្លងមកមន្រ្តីជំនាញយើងបានដើរចុះត្រួតពិនិត្យនៅតាមផ្សារនានា ច្រកទ្វារព្រំដែន ក្នុងដែនដីខេត្តបាត់ដំបង បានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដោយបានរឹបអូសយកមករក្សាទុកនៅសាខាខេត្តរងចាំការសម្រេចឱ្យដុតកម្ទេចចោល។

លោក ហាក់ សុខរិន បានបញ្ជាក់ថា ទន្ទឹមនឹងរក្សាទុកទំនិញខូចគុណភាពជាង ៣តោនកន្លងមកនេះ នៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៨នេះ  មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងមន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍បាននាំយករថយន្តពិសោធន៏ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារធំបាត់ដំបង (ផ្សារណាត់) ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម ហឿង សុគន្ធ អភិបាលរងនៃគណ:អភិបាលខេត្ត។

ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ និងបានដកយកគំរូចំនួន ៦៧  គំរូ រួមមាន៖  បន្លែ ផ្លែឈើ ត្រីប្រាសំយ៉ុង ប្រហិតត្រី ឈាមមាន់ សរសៃគុយទាវ មី ជ្រក់គ្រប់ប្រភេទ គ្រឿងសមុទ្រ លតខៀវ លតស្វិត និងបាញ់ឌុក ដើម្បីធ្វើតេស្ត ស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើអោយប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញវត្តមានសារធាតុបូរ៉ាក់ដាក់ក្នុង÷  នំបាញ់ឌុក ស្មើនឹង ២គីឡូក្រាម (០១ គំរូ) - លតស្វិត ស្មើនឹង ៣គីឡូក្រាម (០៣គំរូ) ក្នុងពេលត្រួតពិនិត្យនោះដែរ មន្ត្រីជំនាញបានដកហូតនំបាញ់ឌុក និងលតស្វិតចំនួន៥គីឡូក្រាមយកមកនិងណែនាំដល់អាជីវករ អ្នកលក់ដូរឱ្យបានយល់ដឹងពីរបៀបនៃការជ្រើសរើសផលិតផលដែលមានសុវត្ថិភាពយកមកលក់ ក៏ដូចជាយកមកបរិភោគផងដែរ។

 លុះដល់រសៀលថ្ងៃដដែល ឯកឧត្តម  ហឿង សុគន្ធ អភិបាលរងខេត្តនិងមន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត តំណាងព្រះរាជអាជ្ញាខេត្ត និងអាជ្ញាធរដែនដី បានធ្វើការដុតកម្ទេចចោលនូវទំនិញចំរុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៣. ២២៨ គីឡូក្រាមស្ថិតនៅ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។