ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបាណន់ថ្មី គឺលោក ប៉ែន សារិយូ ឡើងជាអភិបាលស្រុក ជំនួស លោក ជុំ ញ៉ ត្រូវបានចូលនិវត្តន៍

(បាត់ដំបង) ÷នាព្រឹកថ្ងៃអង្គារ៍១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកបាណន់ ខេត្តបាត់ដំបង នៅសាលប្រជុំសាលាស្រុកបាណន់ ក្រោមអធិបតីភាពឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធស្រុក អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ អាជីវករ ប្រជាពលរដ្ឋចូលរួមផងដែរ ។ ពិធីប្រកាសតែងតាំង លោក ប៉ែន សារិយូ ពី អភិបាលរងស្រុកបាណន់ ទៅជាអភិបាលនៃគណៈអភិបាលស្រុកបាណន់ថ្មី ជំនួសលោក ជុំ ញ៉  អភិបាលស្រុកចាស់ដែលត្រូវបានចូលនិវត្តន៍ ព្រមទាំងបានធ្វើការប្រគល់សេចក្តីប្រកាសនិងប្រគល់ត្រាជូនលោកអភិបាលស្រុកថ្មីផង។ ឯកឧត្តមអភិបាលខេត្តធ្វើការផ្តាំផ្ញើដល់លោកអភិបាលស្រុកបាណន់ទើបប្រកាសឡើងកាន់មុខតំណែងថ្មីនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ខិតខំធ្វើការបំរើប្រជាពលរដ្ឋក្នុងស្រុក ពិសេសបំរើការងារសេវារដ្ឋបាលសាធារណៈទូទៅជូនពួកគាត់ឲ្យបានល្អ។ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណនិង កោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការសាលាស្រុកទាំងអស់ ពិសេសលោកអភិបាលស្រុកចាស់ដែលបានខិតខំធ្វើការបំរើប្រជាពលរដ្ឋបានល្អរហូតដល់អាយុត្រូវបានចូលនិវត្តន៍នាពេលនេះផងដែរ។