អភិបាលខេត្តបន្តបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ១ខ្សែប្រវែង១,៣០០ម៉ែត្រនៅស្រុកសង្កែ

(បាត់ដំបង)÷ នាព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០១៨ ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង និងមន្រ្តីមន្ទីរជំនាញបានបន្តបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ២ជាន់១ខ្សែ លើផ្លូវលេខ១៥៧C ប្រវែង១,៣០០ម៉ែត្រមានទទឹង៥ម៉ែត្រស្ថិតនៅភូមិវត្តតាមឹម ឃុំអូរដំបង១ស្រុកសង្កែ ផ្លូវដែលត្រូវបានបើកការដ្ឋានជួសជុលនេះគឺធ្វើចាប់ពីចំណុចវត្តតាមិមទៅទល់ស្ថានីយ៍រថភ្លើងអូរដំបងក្នុងឃុំអូរដំបងស្រុកសង្កែខេត្តបាត់ដំបង។ពិធីបើកការដ្ឋានក៏មានការចូលរួមពីលោក ចាន់ សំបូរ ប្រធានមន្ទីរសាធារណការ:ការនិងដឹកជញ្ជូនខេត្ត និងមន្រ្តីជំនាញ ព្រមទងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ខចូលរួមផងដែរ។ឯកឧត្តមអភិបាលខេត្តបានសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋថា ក្នុងនាមរដ្ឋបាលខេត្តតែងបានសហការជាមួយមន្ទីរជំនាញលើគ្រប់វិស័យដើម្បីធ្វើការងារបំរើសេវាសាធារណ:ជូនប្រជាពលរដ្ឋយើង ជាក់ស្តែងថ្ងៃនេះយើងបានសមិទ្ធិផលថ្មីមួយទៀត ដោយបានជួសជុលផ្លូវ១ខ្សែប្រវែង១,៣០០ម៉ែត្រ ដែលមន្ទីរជំនាញជាអ្នកធ្វើផ្ទាល់ រហូតដល់រួចរាល់និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍សាធារណ:ក្នុងមូលដ្ឋានរបស់ខ្លួនតទៅ។ឯកឧត្តម ងួន រតន: បានបន្តថា បន្ទាប់ពីជួសជុលផ្លូវនេះរួចហើយនិងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សូមបងប្អូននាំគ្នាថែទាំ ថែរក្សាសមិទ្ធិផលមួយនេះ ប្រើប្រាស់ឲ្យបានគង់វង្សយូរអង្វែង ព្រោះនេះជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា។ឯកឧត្តមសូមថ្លែងអំណរគុណដល់ថ្នាក់នាំនិងមន្រ្តីជំនាញដែលតែងតែខិតខំធ្វើការងាររបស់ខ្លួន ពិសេសការងារធ្វើផ្លូវថ្នល់ ស្ពាន លូរំដោះទឹក និងការងារផ្សេងទៀតផងដែរ។នាឱកាសនោះដែរ ឯកឧត្តមបានចែកអំណោយកម្តរដៃ មួយចំនួនដល់ប្រជាពលរដ្ឋទីទាល់ក្រដែលបានចូលរួមក្នុងពិធីនិងឡើងបញ្ជាគ្រឿងចក្រប្រកាសបើកការដ្ឋានជាផ្លូវការចាប់ពីពេលនេះតទៅ។