អបអរសាទរពិធីបុណ្យអុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០១៨

 

 

 (បាត់ដំបង)៖  ក្នុងឱកាសបុណ្យចេញវស្សាឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តបាត់ដំបងបាន រក្សាខ្ជាប់នូវប្រពៃណីទំនៀមទំលាប់របស់ខ្លួនតរៀងមក ហើយជាឆ្នាំលើកទី១៨ ក្នុងការរៀបចំពិធីប្រណាំងទូកង ដើម្បីអបអរសាទរថ្ងៃបុណ្យចេញវស្សានិង បង្កឱកាសសប្បាយរីករាយជូនប្រជាពលរដ្ឋយើង នាថ្ងៃទី២៣និងទី២៤ខែតុលានេះ នៅស្ទឹងសង្កែក្រុងបាត់ដំបង ក្រោយការប្រកួត២ថ្ងៃយ៉ាងស្វិតស្វាញ គណៈកម្មការរៀបចំការប្រណាំងទូកខេត្តបាត់ដំបង បានជ្រើសរើសទូកងចំនួន៤ប្រភេទ ដែលជាប់ចំណាត់ថ្នាក់ទៅចូលរួមប្រកួតផ្តាច់ព្រ័ត្រថ្នាក់ជាតិទីក្រុងភ្នំពេញ។ 

តាមឯកសារមហាបុរសខ្មែរ ព.ស ២៤០៤ គ.ស ១៨៦០ បានចែងថា ព្រះបាទ នរោត្ដម ត្រាស់បង្គាប់មន្ត្រីរាជការរៀបចំពិធីបុណ្យទ្វាទសមាស ។ ស្ដេចគង់នៅព្រះរាជ ដំណាក់ផែទតទូក ទូកមួង ទូកចែវ ដែលអុំប្រណាំងថ្វាយផ្ដាច់ព្រ័ត្រក្នុងពេលចេញវស្សា និងជាដង្វាយដល់ព្រះច័ន្ទ ព្រមទាំងបណ្ដែតប្រទីបថ្វាយដល់ព្រះចង្កូមកែវ ។

ពិធីអុំទូកជាពិធីមួយរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃការរៀបចំក្បួនសមយុទ្ធកងទ័ពជើងទឹករបស់ខ្មែរបុរាណ ដែលពីដើមគេតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤-១៥ កើត និង ១ រោចខែអស្សុជ រៀងរាល់ឆ្នាំ ។ ម្យ៉ាងទៀត ដោយមានការដឹងគុណ ដល់ទឹកដីដែលយើងគ្រប់គ្នាបានរស់នៅសុខ សាន្តនេះ ពិធីនេះប្រារព្ធឡើងដើម្បីជាដង្វាយដល់ព្រះគង្គា និងព្រះធរណី ។

ឯកឧត្តម ងួន រតនះ អភិបាលខេត្តនឹងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យអុំទូកខេត្តបានឱ្យដឹងថា ឆ្លងកាត់តាមការប្រកួតវិលជុំប្តូរខ្សែទឹកយ៉ាងស្វិតស្វាញដណ្តើមយកចំណាត់ថ្នាក់រួចមក គណៈកម្មការរៀបចំបុណ្យអុំទូកខេត្តបាត់ដំបង បានសម្រេចជ្រើសរើសយកទូកខ្លី ខ្នាតអន្តរជាតិផ្នែកបុរស ទូកខ្លីខ្នាតអន្តរជាតិផ្នែកនារី ទូកខ្លីប្រពៃណី និងទូកវែងប្រពៃណីទៅចូលរួមប្រកួតនៅទីក្រុងភ្នំពេញ បន្ទាប់ពីបានប្រកួតផ្ដាច់ព្រ័ត្ររយៈពេល២ថ្ងៃ ក្នុងថ្ងៃចេញវស្សា២០១៨។

ការប្រព្រឹត្តទៅនូវពិធីបុណ្យអុំទូកបណ្តែតប្រទីបឆ្នាំនេះ ទទួលបានភាពជោគជ័យក្រោមបរិយាកាសសប្បាយរីករាយ កីឡាករ កីឡាការីទាំងអស់ បានបញ្ចេញអស់នូវថាមពលបច្ចេកទេស និងដោយសាមគ្គីភាព មិត្តភាពក្នុងការដណ្តើមយកចំណាត់ថ្នាក់ល្អប្រសើររៀងៗខ្លួន។

ជាលទ្ធផល នៃការប្រណាំងទូកងប្រចាំឆ្នាំនេះ គណៈកម្មការបច្ចេកទេសបានសម្រិតសម្រាំង និងរកឃើញទូកង ដែលជាប់ចំណាត់ថ្នាក់លេខ១រួមមាន ទូកងប្រពៃណី ទូកជាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ នរិន្ទរង្សី ស្រី ស ពិចិត្រ ( វត្តឯករង្សី )  ទូកខ្នាតអន្តរជាតិ ផ្នែកបុរស លេខ១ ទូកឈ្មោះ យុវជនបាត់ដំបង ស ជ័យបារមីអង្គា ទូកខ្នាតខ្លី  ប្រពៃណីខ្នាតបុរស លេខ១ បានលើទូកឈ្មោះ បុប្ផាជាយដែនយាយម៉ៅមានរឹទ្ធិ និងទូកខ្លីអន្តរជាតិនារី លេខ១ បានលើទូកឈ្មោះ អប់រំសែនជ័យយុវវ័យមានរិទ្ធ ទូករបស់មន្ទីរអប់រំយុវជន និងកីឡា។ ទូកងដែលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញខាងលើនេះ និងត្រៀមបញ្ជូនទៅចូលរួមប្រកួតនៅរាជធានីភ្នំពេញ ក្នុងពេលខាងមុខបន្តទៀត។

ចំណែកឯ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានមានប្រសាសន៍ដែរថា ក្រោមការប្រកួតប្រជែងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ជាការប្រកួតក្នុងក្របខណ្ឌលក្ខណៈមិត្តភាពដណ្តើមយកជ័យលាភី ក្រុមកីឡាករបានបង្ហាញនូវទេពយកោសល្យ និងបច្ចេកទេសប្រកបដោយភាពប៉ិនប្រសព្វ ក្រៅពីនេះបានបង្កភាពរីករាយ និងការអបអរសាទរដែរបានផ្តិតយកនូវអនុស្សាវរីយ៍គួរជាទីមោទនភាព ដែលវាបានបញ្ជាក់យ៉ាងពិតប្រាកដ ចំពោះការទទួលបាននូវសុខសន្តិភាព សិទ្ធសេរីភាព ជំនឿសាសនាយ៉ាងពេញលេញ។

ឯកឧត្តមបន្តរថា ដើម្បីរក្សាបាននូវទំនៀមទម្លាប់ប្រពៃណី និងសាងភាពសប្បាយរីករាយក្នុងថ្ងៃចេញព្រះវស្សានៅឆ្នាំក្រោយ ឱ្យមានលក្ខណៈល្អប្រសើរសូមឱ្យប្រតិភូកីឡាករទូកដែលមកពីខេត្តសុរិន្ទ នៃព្រះរាជាណាចក្រថៃ ព្រមទាំងខេត្តកំពុងឆ្នាំង ក៏ដូចជាបណ្តាខេត្តផ្សេងទៀត កីឡាករ កីឡាការីទូកគ្រប់ប្រភេទ មកចូលរួមប្រណាំងបន្តទៀតនៅឆ្នាំខាងមុខ ដើម្បីបង្កើនមិត្តភាព និងសាមគ្គីភាពទ្វេឡើង ទោះជាទូកមួយចំនួនមិនបានជាប់ចំណាត់ថ្នាក់ក៏ដោយ បន្ថែមពីនេះវាបានចងសម្ព័នភាពយ៉ាងស្អិតរមួត ពិសេសទូកសម្ព័ន្ធមេត្រីភាពរវាងបណ្តាខេត្ត និងប្រទេសជិតគ្នាជាច្រើនខាងលើ។

វិស័យកីឡាករបែបប្រពៃណីទំនៀមទម្លាប់សាសនានេះ បានរួមចំណែកយ៉ាងសំខាន់ដាស់ស្មារតីដល់យុវវ័យឱ្យជៀសឆ្ងាយពីគ្រឿងញៀនក៏ដូចជា អំពើអបាយមុខនានា ដែលជាសត្រូវនឹងច្បាប់ប្រទេសយើងបច្ចុប្បន្ន៕

ពិធីអុំទូកខេត្តបាត់ដំបង ឆ្នាំ២០១៨ (ថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០១៨)